បណ្ណាល័យអ៊ីស្លាមទាំងអស់។

34 - Sheba - Saba

:1

រាល់ការសរសើរ គឺចំពោះអល់ឡោះដែលអ្វីៗនៅលើមេឃ ជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ហើយ រាល់ការសរសើរនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយ ទ្រង់មហាគតិបណ្ឌិត មហាដឹងជ្រួតជ្រាប។

:2

ទ្រង់ដឹងនូវអ្វីដែលជ្រាបចូលទៅក្នុងដី និងអ្វីដែលផុសចេញពីវា ហើយនិងអ្វីដែលចុះពីលើមេឃ និងអ្វីដែលឡើងទៅលើវា។ ហើយទ្រង់មហាអាណិតស្រឡាញ់ មហាអភ័យទោស ។

:3

ហើយពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃបរលោកមិនអាច កើតឡើងចំពោះពួកយើងឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនដូច្នោះទេ. ខ្ញុំសូមស្បថនឹងម្ចាស់របស់ខ្ញុំដែលជាអ្នកដឹងពីអាថ៌កំបាំងថា វាពិតជានឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ វាគ្មាន កំបាំងពីទ្រង់ឡើយ សូម្បីតែវត្ថុដែលមានទម្ងន់តូចនៅលើមេឃ ជាច្រើនជាន់ និងនៅលើផែនដីក៏ដោយ ហើយក៏គ្មានវត្ថុដែលតូច ឬធំជាងនោះក្រៅពីមាន(ការកត់ត្រា)នៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ដែរ។

:4

ដើម្បីទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកមានជំនឿ និងបាន សាងអំពើល្អ។ អ្នកទាំងនោះនឹងទទួលបានការអភ័យទោស និង លាភសក្ការៈដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។

:5

ហើយពួកដែលបានព្យាយាមប្រឆាំងនឹងភស្ដុតាងរបស់យើង ដោយពួកគេប្រជែងចង់ឈ្នះនោះ ពួកទាំងនោះនឹងទទួលទារុណ-កម្មដ៏សែនឈឺចាប់។

:6

ហើយបណ្ដាអ្នកដែលគេបានផ្ដល់ឱ្យនូវចំណេះដឹងយល់ឃើញ ថាៈ អ្វីដែលគេបានបញ្ចុះ ឱ្យអ្នក(មូហាំម៉ាត់)ពីម្ចាស់របស់អ្នក វាជា ការពិត។ ហើយវាចង្អុលបង្ហាញទៅរកមាគ៌ារបស់ម្ចាស់ដែលមហា ខ្លាំងពូកែ ជាទីកោតសរសើរ។

:7

ហើយពួកដែលប្រឆាំងបាននិយាយ(ទៅកាន់គ្នាគេ)ថាៈ តើ ចង់ឱ្យយើងបង្ហាញពួកអ្នកដែរឬទេអំពីបុរសម្នាក់(មូហាំម៉ាត់)ដែល គេប្រាប់ពួកអ្នកថា នៅពេលដែលពួកអ្នកត្រូវគេរំលាយខេ្ទចខ្ទីទៅ ជាដី ពួកអ្នកពិតជានឹងត្រូវគេបង្កើតសាជាថ្មីឡើងវិញនោះ?

:8

តើគេនោះ(មូហាំម៉ាត់)បានប្រឌិតនូវពាក្យភូតកុហកទៅ លើអល់ឡោះឬក៏គេវិកលចរិត? ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿ នឹងថ្ងៃបរលោកនោះ គឺស្ថិតនៅក្នុងទារុណកម្មនិងភាពវងេ្វងដ៏សែន ឆ្ងាយ។

:9

តើពួកគេ(ពួកគ្មានជំនឿ)មិនបានមើលទៅចំពោះអ្វីដែលនៅ ខាងមុខពួកគេនិងអ្វីដែលនៅខាងក្រោយពួកគេអំពីមេឃនិងដីទេ ឬ? ប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេចូលទៅក្នុងដី (ដូចករូន)ឬយើងនឹងទម្លាក់ទារុណកម្មជាដុំៗពីលើមេឃទៅលើ ពួកគេ(ដូចក្រុមស្ហ៊ូអែប)ជាមិនខាន។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងមួយសម្រាប់រាល់ខ្ញុំរបស់អល់ឡោះដែល សារភាពទោសកំហុស។

:10

ហើយជាការពិតណាស់យើងបានផ្ដល់ឱ្យដាវូដនូវការប្រោស ប្រទានមួយពីយើង។ (ហើយយើងមានបន្ទូលថា) ឱភ្នំ និងបក្សី ទាំងឡាយ. ចូរពួកឯងទាំងអស់គ្នាសរសើរលើកតម្កើងយើងជាមួយ គេ(ដាវូដ)ចុះ។ ហើយយើងបានធ្វើឱ្យដែកទន់សម្រាប់គេ។

:11

ចូរអ្នកធ្វើអាវដែកការពារ និងត្រូវកំណត់ទំហំ(តាមអ្នក ប្រាថ្នា)ចុះ។ ហើយចូរពួកអ្នកសាងអំពើល្អ។ ពិតប្រាកដណាស់ យើងឃើញបំផុតនូវអី្វដែលពួកអ្នកប្រព្រឹត្ដ។

:12

ហើយ(យើងបានធ្វើឱ្យ)ខ្យល់ស្ដាប់បង្គាប់ចំពោះស៊ូឡៃម៉ាន គឺការចេញដំណើររបស់វា(ជាមួយគេ)មួយព្រឹកស្មើនឹងរយៈ ពេលធ្វើដំណើរធម្មតាមួយខែ ហើយការចេញដំណើររបស់វាមួយ ល្ងាចស្មើនឹងរយៈពេលធ្វើដំណើរធម្មតាមួយខែ។ ហើយយើងបាន ធ្វើឱ្យលោហធាតុរលាយសម្រាប់គេ។ ហើយក្នុងចំណោមពួកជិន មានអ្នកខ្លះធ្វើការចំពោះមុខគេ(ស៊ូឡៃម៉ាន)តាមបញ្ជានៃម្ចាស់ របស់គេ។ ហើយនរណាម្នាក់ក្នុងចំណោមពួកគេបែរចេញពីបទ បញ្ជារបស់យើង យើងនឹងឱ្យគេភ្លក្សទារុណកម្មនៃនរកដែលឆេះ សន្ធោសន្ធៅ។

:13

ពួកគេ(ជិន)ធ្វើការឱ្យស៊ូឡៃម៉ានតាមអ្វីដែលគេចង់ ដូច ជាវិមានដ៍ខ្ពស់ៗ រូបចម្លាក់ និងចានដ៏ធំដូចស្រះទឹក ហើយនិងឆ្នាំង ដែលជាប់នៅនឹងកន្លែង។ (អល់ឡោះបានមានបន្ទូលថា) ឱពូជពង្ស ដាវូដ. ចូរពួកអ្នកអនុវត្ដតាមដោយដឹងគុណ(ចំពោះអល់ឡោះ)ចុះ។ ហើយអ្នកដែលដឹងគុណក្នុងចំណោមខ្ញុំរបស់យើងគឺតិចតួចបំផុត។

:14

ហើយនៅពេលដែលយើងបានកំណត់សេចក្ដីស្លាប់ទៅលើ គេ(ស៊ូឡៃម៉ាន) គ្មានសញ្ញាបញ្ជាក់ដល់ពួកគេ(ជិន)ពីមរណភាព របស់គេឡើយ ទាល់តែដង្កូវដីស៊ីឈើច្រត់របស់គេ។ ហើយនៅ ពេលដែលសាកសពរបស់គេបានដួលចុះ ពួកជិនក៏បានជ្រាបថាៈ ប្រសិនបើពួកគេបានដឹងនូវអាថ៌កំបាំងនោះ ពួកគេក៏មិនស្ថិតក្នុង ទារុណកម្មដ៏អាម៉ាស់នោះដែរ។

:15

ជាការពិតណាស់ សម្រាប់កុលសម្ព័នសាហ្ពាកដែលនៅក្នុង ភូមិស្រុករបស់ពួកគេមានភស្ដុតាង(បង្ហាញពីភាពខ្លាំងពូកែរបស់ អល់ឡោះ) គឺចំការពីរដែលនៅខាងស្ដាំនិងខាងឆេ្វង(នៃភូមិស្រុក របស់ពួកគេ)។ ចូរពួកអ្នកបរិភោគចុះនូវលាភសក្ការៈពីម្ចាស់របស់ ពួកអ្នក និងត្រូវដឹងគុណចំពោះទ្រង់។ នេះជាទឹកដីដែលល្អ ហើយ ទ្រង់ជាម្ចាស់ មហាអភ័យទោស។

:16

តែពួកគេបែរជាប្រឆាំង(នឹងបទបញ្ជា)។ ដូចេ្នះ យើងក៏ បញ្ជូនទឹកជំនន់ដែលហូរខ្លាំងទៅកាន់ពួកគេ(ធ្វើឱ្យបាក់ទំនប់ និង ខូចចំការ)។ ហើយយើងបានផ្លាស់ប្ដូរចំការទាំងពីររបស់ពួកគេទៅ ជាចំការដែលមានផ្លែរសជាតិល្វីង និងរុក្ខជាតិគ្មានផ្លែ និងមានតែ ដើមពុទ្ទ្រាតិចតួចតែប៉ុណ្ណោះ។

:17

ដូច្នោះ យើងបានតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេ បានប្រឆាំង។ ហើយយើងមិនតបស្នង(បែបនេះ)ឡើយ លើកលែង តែពួកដែលប្រឆាំងប៉ុណ្ណោះ។

:18

ហើយយើងបានបង្កើតរវាងពួកគេនូវទីក្រុងនានានិងបណ្ដា ទីក្រុងដែលយើងបានធ្វើឱ្យរីកចម្រើននៅក្នុងនោះឱ្យនៅជិតគ្នា។ ហើយយើងបានកំណត់ការធ្វើដំណើរនៅលើវា(ដោយងាយស្រួល)។ ចូរពួកអ្នកធ្វើដំណើរនៅលើវាទាំងពេលយប់ និងពេលថ្ងៃដោយ សុវត្ថិភាពចុះ។

:19

(ដោយអំនួតនិងធុញទ្រាន់ពីសន្ដិភាព)ពួកគេក៏បាន និយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាធ្វើឱ្យឆ្ងាយចុះ រវាងការធ្វើដំណើររបស់ពួកយើង(ពីតំបន់មួយទៅតំបន់មួយ)។ ហើយពួកគេក៏បានបំពានលើខ្លួនឯង។ បន្ទាប់មកយើងបានធ្វើឱ្យ រឿងពួកគេក្លាយជារឿងនិទាន(សម្រាប់និយាយតៗគ្នា) ហើយ យើងបានកំចាត់ពួកគេឱ្យខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់និងដឹងគុណ។

:20

ហើយជាការពិតណាស់ អ៊ីព្លីសបានបញ្ជាក់ពីភាពពិតនូវ ការស្មានរបស់វាដាក់ពួកគេទាំងនោះ ពេលនោះពួកគេក៏តាមវា លើកលែងតែមួយក្រុមនៃបណ្ដាអ្នកដែលមានជំនឿប៉ុណ្ណោះ។

:21

ហើយវាគ្មានអំណាចទៅលើពួកគេឡើយ លើកលែងតែ ដើម្បីយើងសាកល្បងថា នរណាដែលមានជំនឿនឹងថ្ងៃបរលោក ក្នុងចំណោមអ្នកដែលសង្ស័យអំពីវា។ ហើយម្ចាស់របស់អ្នកជាអ្នក ថែរក្សាលើអ្វីៗទាំងអស់។

:22

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកអំពាវនាវពួក ដែលពួកអ្នកបានគិតថាជាព្រះក្រៅពីអល់ឡោះ ដែលពួកគេគ្មាន កម្មសិទ្ធិគ្រប់គ្រងសូម្បីតែវត្ថុដែលមានទម្ងន់តូចបំផុតនៅលើមេឃ ជាច្រើនជាន់ និងនៅលើផែនដីក៏គ្មានដែរ។ ហើយពួកគេក៏គ្មានសិទ្ធិ ចូលរួម(ក្នុងការបង្កើត និងគ្រប់គ្រង)ចំពោះវាទាំងពីរដែរ។ ហើយ ទ្រង់មិនត្រូវការអ្នកជួយពីពួកគេឡើយ។

:23

ហើយការធ្វើអន្ដរាគមន៍ គឺគ្មានផលប្រយោជន៍អ្វីចំពោះទ្រង់ឡើយ លើកលែងតែចំពោះអ្នកណាដែលទ្រង់បានអនុញ្ញាតឱ្យ គេប៉ុណ្ណោះ។ លុះនៅពេលដែលគេបានបំបាត់ការភ័យខ្លាចចេញពី ចិត្ដរបស់ពួកគេ(ម៉ាឡាអ៊ីកាត់) ពួកគេបាននិយាយគ្នាថាៈ តើម្ចាស់ របស់ពួកអ្នកមានបន្ទូលអ្វី? ពួកគេបានឆ្លើយថាៈ គឺមានបន្ទូលដ៏ពិតប្រាកដ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។

:24

ចូរអ្នកពោលថាៈ អ្នកណាជាអ្នកផ្ដល់លាភសក្ការៈឱ្យពួកអ្នក ពីលើមេឃជាច្រើនជាន់និងផែនដី? ចូរអ្នកពោលថាៈ គឺអល់ឡោះ។ ហើយពិតប្រាកដណាស់ ពួកយើងឬក៏ពួកអ្នកដែលស្ថិតនៅលើការ ចង្អុលបង្ហាញ ឬស្ថិតក្នុងភាពវងេ្វងច្បាស់លាស់នោះ។

:25

ចូរអ្នកពោលថាៈ ពួកអ្នកមិនត្រូវគេសួរអំពីអ្វីដែលពួក យើងបានប្រព្រឹត្ដខុសនោះទេ ហើយពួកយើងក៏មិនត្រូវគេសួរអំពី អ្វីដែលពួកអ្នកប្រព្រឹត្ដដែរ។

:26

ចូរអ្នកពោលថាៈ ម្ចាស់របស់ពួកយើងនឹងប្រមូលផ្ដុំពួក យើងទាំងអស់គ្នា(នៅថ្ងៃបរលោក)។ បន្ទាប់មកទ្រង់នឹងកាត់ សេចក្ដីរវាងពួកយើងដោយយុតិ្ដធម៌។ ហើយទ្រង់គឺជាអ្នកកាត់ សេចក្ដីដ៏យុត្ដិធម៌ដឹងបំផុត។

:27

ចូរអ្នកពោលថាៈ ចូរពួកអ្នកបង្ហាញខ្ញុំមកពួក(ព្រះនានា) ដែលពួកអ្នកបានយកមកគោរពសក្ការៈធ្វើជាដៃគូនឹងទ្រង់។ មិន ដូច្នោះទេ ផ្ទុយទៅវិញទ្រង់គឺជាអល់ឡោះតែមួយគត់មហាខ្លាំង ពូកែ មហាគតិបណ្ឌិត។

:28

ហើយយើងមិនបានបញ្ជូនអ្នក(មូហាំម៉ាត់) លើកលែងតែ ទៅកាន់មនុស្សលោកទូទៅ ដើម្បីផ្ដល់ដំណឹងរីករាយ និងដាស់តឿន ព្រមានតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

:29

ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (ថ្ងៃបរលោក)នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ។

:30

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចំពោះពួកអ្នក គឺមានការ សន្យានៅថ្ងៃមួយដែលពួកអ្នកមិនអាចសុំពន្យារ ឬសុំឱ្យវាមកដល់ មុនពេលកំណត់មួយវិនាទីបានឡើយ។

:31

ហើយពួកដែលប្រឆាំងបាននិយាយថាៈ ពួកយើងមិនជឿ នឹងគម្ពីរគួរអាននេះជាដាច់ខាត។ ហើយក៏មិនជឿនឹងអ្វីដែលមាន ពីមុនវា(គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល)ដែរ។ ហើយប្រសិនបើអ្នក ឃើញនៅពេលដែលពួកបំពានត្រូវបានគេរៀបឱ្យឈរនៅមុខម្ចាស់ របស់ពួកគេ ពួកគេនឹងស្ដីបន្ទោសគ្នាទៅវិញទៅមក ដោយពួកដែល ត្រូវគេជិះជាន់និយាយទៅកាន់ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)ថាៈ ប្រសិនបើគ្មានពួកអ្នក(ធ្វើឱ្យពួកយើងវងេ្វង)ទេនោះ ពួក យើងពិតជាក្លាយជាបណ្ដាអ្នកមានជំនឿជាមិនខាន។

:32

ពួកដែលក្រអឺតក្រទមបាននិយាយទៅកាន់ពួកដែលត្រូវ គេជិះជាន់វិញថាៈ តើពួកយើងបានហាមឃាត់ពួកអ្នកពីការចង្អុល បង្ហាញក្រោយពេលដែលវាបានមកដល់ពួកអ្នកឬ? ផ្ទុយទៅវិញ ពួកអ្នកទេដែលជាពួកសាងបាបកម្មនោះ។

:33

ពួកដែលត្រូវគេជិះជាន់បាននិយាយទៅកាន់ពួកក្រអឺត ក្រទមវិញថាៈ ផ្ទុយទៅវិញនោះជាឧបាយកលទាំងយប់ទាំងថ្ងៃនៅ ពេលពួកអ្នកបញ្ជាពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើង ធ្វើស្ហ៊ីរិកចំពោះទ្រង់។ ហើយពួកគេទាំងពីរក្រុមមានការសោកស្ដាយ យ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញទារុណកម្ម។ ហើយយើង បានដាក់ច្រវាក់កពួកដែលបានប្រឆាំង។ ពួកគេមិនត្រូវគេតបស្នង ឡើយ លើកលែងតែអ្វីដែលពួកគេបានប្រព្រឹត្ដប៉ុណ្ណោះ។

:34

ហើយរាល់ៗអ្នកដាស់តឿនព្រមានដែលយើងបានបញ្ជូន ទៅកាន់ភូមិស្រុកណាមួយ គឺពួកដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ នៃភូមិស្រុកនោះតែងតែនិយាយថាៈ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេបញ្ជូនពួកអ្នកឱ្យនាំវាមក។

:35

ហើយពួកគេបាននិយាយថាៈ ពួកយើងគឺជាអ្នកដែលមាន ទ្រព្យសម្បត្ដិ និងកូនចៅច្រើនជាងគេ ហើយពួកយើងមិនមែនជា អ្នកដែលត្រូវគេដាក់ទណ្ឌកម្មឡើយ។

:36

ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងក្បិតក្បៀតនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

:37

ហើយពុំមែនទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ ពួកអ្នកដែលធ្វើឱ្យពួកអ្នកជិតមកចំពោះយើងនោះឡើយ លើក លែងតែអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ដូចេ្នះ អ្នកទាំងនោះនឹងទទួលបានការតបស្នងទេ្វដងដោយសារតែអ្វី ដែលពួកគេបានសាង ហើយពួកគេជាអ្នកដែលមានសន្ដិភាពបំផុត នៅកន្លែងដ៏ខ្ពង់ខ្ពស់(ឋានសួគ៌)។

:38

ហើយពួកដែលព្យាយាមប្រឆាំងនឹងភស្ដុតាងរបស់យើង ដោយពួកគេប្រជែងចង់ឈ្នះនោះ ពួកទាំងនោះនឹងត្រូវគេនាំទៅ កាន់ទារុណកម្ម។

:39

ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបើក ទូលាយនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីខ្ញុំ របស់ទ្រង់ ហើយទ្រង់ក៏ក្បិតក្បៀតចំពោះគេដែរ។ ហើយអ្វីបន្ដិច ក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ គឺទ្រង់នឹងតបស្នងវាវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អបំផុត។

:40

ហើយ(ចូរចងចាំ)នៅថ្ងៃដែលទ្រង់ប្រមូលផ្ដុំពួកគេទាំង អស់គ្នា ក្រោយមកទ្រង់ក៏មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ តើ អ្នកទាំងនេះឬដែលពួកគេធ្លាប់គោរពសក្ការៈមកចំពោះពួកអ្នក?

:41

ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបវិញថាៈ ទ្រង់មហាស្អាត ស្អំ. ទ្រង់ជាអ្នកគាំពារពួកយីង មិនមែនពួកគេឡើយ។ ផ្ទុយទៅ វិញពួកគេធ្លាប់បានគោរពសក្ការៈចំពោះជិនដោយពួកគេភាគច្រើន ជាអ្នកមានជំនឿនឹងពួកវា។

:42

ហើយនៅថ្ងៃនេះ(ថ្ងៃបរលោក)ពួកអ្នកមិនអាចផ្ដល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់គ្នាបានឡើយ។ ហើយយើងមាន បន្ទូលទៅកាន់ពួកដែលបំពានថាៈ ចូរពួកអ្នកភ្លក្សទារុណកម្មនៃ នរកដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។

:43

ហើយនៅពេលដែលអាយ៉ាត់ៗរបស់យើងដ៏ច្បាស់លាស់ ត្រូវបានសូត្រឱ្យពួកគេស្ដាប់ ពួកគេបាននិយាយថាៈ បុរសម្នាក់នេះ (មូហាំម៉ាត់)មានបំណងចង់រារាំងពួកអ្នកអំពីអ្វីដែលជីដូនជីតារបស់ ពួកអ្នកធ្លាប់បានគោរព។ ហើយពួកគេបាននិយាយទៀតថាៈ នេះ (គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការភូតកុហកដែលត្រូវគេប្រឌិតនោះឡើយ។ ហើយពួកប្រឆាំងបាននិយាយចំពោះការពិត នៅពេល ដែលវាបានមកដល់ពួកគេថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគមយ៉ាង ច្បាស់លាស់នោះឡើយ។

:44

ហើយយើងមិនបានផ្ដល់ឱ្យពួកគេនូវគម្ពីរណាដែលពួកគេ អាចរៀនសូត្រវានោះឡើយ។ ហើយយើងក៏មិនបានបញ្ជូនអ្នកដាស់ តឿនព្រមានណាមុនអ្នក(មូហាំម៉ាត់)ទៅកាន់ពួកគេដែរ។

:45

ហើយពួកដែលពីមុនពួកគេបានបដិសេធ(នឹងបណ្ដាអ្នកនាំ សាររបស់ពួកគេ)។ហើយពួកគេ(មូស្ហរីគីន)មិនទាន់បានទទួលសូម្បី តែមួយភាគដប់នៃអ្វីដែលយើងបានប្រទានឱ្យពួកគេ(ពួកជំនាន់មុន) ផង ស្រាប់តែពួកគេបានបដិសេធនឹងបណ្ដាអ្នកនាំសាររបស់យើង។ តើទារុណកម្មរបស់យើង(ចំពោះពួកគេ)យ៉ាងដូចមេ្ដច ?

:46

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំទូន្មាន ពួកអ្នកតែមួយគត់ គឺឱ្យពួកអ្នកប្រឈមមុខពីរនាក់ ឬម្នាក់ឯង ដើម្បីអល់ឡោះ។ ក្រោយមកចូរពួកអ្នកពិចារណាថាៈ មិត្ដរបស់ ពួកអ្នក(មូហាំម៉ាត់)ពុំមែនជាមនុស្សវិកលចរិតឡើយ។ គេគ្មានអ្វី ក្រៅពីជាអ្នកដាស់តឿនព្រមានសម្រាប់ពួកអ្នក មុននឹងទារុណកម្ម ដ៏ខ្លាំងក្លាមកដល់នោះឡើយ។

:47

ចូរអ្នកពោលថាៈ អ្វីដែលខ្ញុំទាមទារថ្លៃឈ្នួលពីពួកអ្នកនោះ គឺវាសម្រាប់ពួកអ្នកប៉ុណ្ណោះ។ តែផលបុណ្យនៃការអំពាវនាវរបស់ ខ្ញុំគឺនៅលើអល់ឡោះ។ ហើយទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។

:48

ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបញ្ចុះវ៉ាហ៊ីដោយការពិត ដែលទ្រង់មហាដឹងនូវអាថ៌កំបាំងទាំងឡាយ។

:49

ចូរអ្នកពោលថាៈ ការពិតបានមកដល់ ហើយប្រការមិនពិត ក៏រលាយបាត់ ហើយវាក៏មិនអាចវិលត្រឡប់មកវិញបានដែរ។

:50

ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំវងេ្វង(ប្រាសចាកពីមាគ៌ា ត្រឹមត្រូវ)មែននោះ គឺពិតប្រាកដណាស់ ខ្ញុំវងេ្វងដោយខ្លួនឯង។ តែប្រសិនបើខ្ញុំទទួលបានការចង្អុលបង្ហាញវិញនោះ គឺដោយសារ តែអ្វីដែលម្ចាស់របស់ខ្ញុំផ្ដល់វ៉ាហ៊ីឱ្យខ្ញុំ។ ពិតប្រាកដណាស់ ទ្រង់ មហាឮ ជិតបំផុត។

:51

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)មើលឃើញនៅពេល ដែលពួកគេភ័យខ្លាច(ទារុណកម្មរបស់អល់ឡោះ) គឺគ្មានការគេច វេះបានឡើយ ហើយពួកគេត្រូវបានគេចាប់មកពីកន្លែងដែលជិត បំផុត។

:52

ហើយពួកគេបាននិយាយថាៈ ពួកយើងជឿលើទ្រង់ហើយ។ ហើយតើពួកគេទទួលជំនឿពីកន្លែងដែលឆ្ងាយបានយ៉ាងដូចមេ្ដច ?

:53

ហើយជាការពិតណាស់ ពួកគេបានប្រឆាំងនឹងទ្រង់តាំងពី មុនមកម្លេះ។ ហើយអ្វីដែលពួកគេចោទប្រកាន់ក្នុងរឿងអាថ៌កំបាំង នោះ គឺខុសដ៏សែនឆ្ងាយ។

:54

ហើយពួកគេត្រូវបានគេរារាំងអំពីអ្វីដែលពួកគេចូលចិត្ដ ដូចអ្វីដែលត្រូវបានគេធ្វើចំពោះពួកដែលដូចពួកគេកាលពីមុនដែរ។ ពិតប្រាកដណាស់ ពួកគេស្ថិតនៅក្នុងភាពសង្ស័យដ៏ជ្រាលជ្រៅ។