បណ្ណាល័យអ៊ីស្លាមទាំងអស់។

29 - The Spider - Al-`Ankabūt

:1

អាលីហ្វ ឡាម មីម។

:2

តើមនុស្សលោកគិតថា ពួកគេត្រូវគេបណ្ដោយឱ្យនិយាយថា “ពួកយើងបានជឿហើយ”ដោយពួកគេមិនត្រូវគេសាកល្បងឬ?

:3

ហើយជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុន ពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុតចំពោះបណ្ដាអ្នក ដែលទៀងត្រង់ និងដឹងបំផុតចំពោះពួកដែលភូតកុហក។

:4

ឬមួយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់គិតថាៈ ពួកគេអាចគេច ផុតពីទារុណកម្មរបស់យើងឬ? អ្វីដែលពួកគេកំពុងវិនិច្ឆ័យនោះគឺ អាក្រក់បំផុត។

:5

នរណាហើយដែលសង្ឃឹមថានឹងបានជួបអល់ឡោះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះនោះគឺនឹងមកដល់ជាមិនខាន។ ហើយទ្រង់មហាឮ មហាដឹង។

:6

ហើយអ្នកណាបានតស៊ូ(ក្នុងមាគ៌ារបស់អល់ឡោះ) ពិត ប្រាកដណាស់ គេគ្រាន់តែតស៊ូសម្រាប់ខ្លួនគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីពីភពទាំងអស់ឡើយ។

:7

ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវ យើងពិតជានឹងលុបបំបាត់អំពើអាក្រក់របស់ពួកគេចេញពីពួក គេ។ ហើយយើងពិតជានឹងតបស្នងឱ្យពួកគេប្រសើរជាងអ្វីដែល ពួកគេធ្លាប់បានសាងទៅទៀត។

:8

ហើយយើងបានបង្គាប់មនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ តែប្រសិនបើគាត់ទាំងពីរបង្ខំអ្នកឱ្យធ្វើស្ហ៊ីរិកចំពោះ យើងនូវអ្វីដែលអ្នកគ្មានចំណេះដឹងនឹងវាទេនោះ ចូរអ្នកកុំប្រតិបត្ដិ តាមពួកគាត់ទាំងពីរឱ្យសោះ។ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺ មកកាន់យើងតែមួយគត់។ ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែល ពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

:9

ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ យើងពិតជានឹងបញ្ចូលពួកគេទៅក្នុងចំណោមអ្នកដែលត្រឹមត្រូវ។

:10

ហើយមានមនុស្សលោកមួយចំនួននិយាយថាៈ យើងបានជឿលើអល់ឡោះហើយ។ តែនៅពេលដែលគេទទួលរងនូវការឈឺ ចាប់ដោយសារ(មានជំនឿលើ)អល់ឡោះនោះ គេក៏បានចាត់ទុក ការធ្វើបាបរបស់មនុស្សលោកដូចជាទារុណកម្មរបស់អល់ឡោះដែរ។ ហើយប្រសិនបើជំនួយពីម្ចាស់របស់អ្នក(មូហាំម៉ាត់)បានមកដល់ នោះ ពួកគេពិតជានឹងនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់ នៅជាមួយពួកអ្នកដែរ(ក្នុងសាសនាអ៊ីស្លាមនិងជួយគ្នាទៅវិញទៅមក)។ តើមិនមែនអល់ឡោះទេឬដែលដឹងបំផុតនូវអ្វីដែលមាននៅ ក្នុងចិត្ដនៃសត្វលោកទាំងអស់នោះ?

:11

ហើយអល់ឡោះដឹងយ៉ាងច្បាស់ចំពាះបណ្ដាអ្នកដែលមាន ជំនឿ និងដឹងយ៉ាងច្បាស់ចំពោះពួកពុតត្បុត។

:12

ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែល មានជំនឿថាៈចូរពួកអ្នកធ្វើតាមមាគ៌ារបស់ពួកយើងហើយយើង នឹងទទួលខុសត្រូវនូវកំហុសឆ្គងទាំងឡាយរបស់ពួកអ្នក ខណៈដែល ពួកគេមិនមែនជាអ្នកដែលអាចទទួលខុសត្រូវអំពីកំហុសឆ្គងរបស់ ពួកគេបន្ដិចណាឡើយនោះ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែល ភូតកុហក។

:13

ហើយពួកគេពិតជានឹងរែកពន់បាបកម្មទាំងឡាយរបស់ ពួកគេ និងបាបកម្មផេ្សងទៀតជាមួយនឹងបាបកម្មរបស់ពួកគេ។ ហើយពួកគេពិតជានឹងត្រូវគេសួរនាថ្ងៃបរលោកអំពីអ្វីដែលពួកគេ ធ្លាប់បានប្រឌិតភូតកុហក។

:14

ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ ហើយគេបានរស់នៅជាមួយពួកគេអស់រយៈពេលមួយពាន់ ឆ្នាំខ្វះតែហាសិបឆ្នាំប៉ុណ្ណោះ(៩៥០ឆ្នាំ)។ ក្រោយមកទឹកជំនន់បាន ឆក់យកពួកគេ ខណៈដែលពួកគេជាពួកដែលបំពាន។

:15

ពេលនោះយើងក៏បានសង្គ្រោះគេនិងអ្នកនៅលើនាវាទាំង អស់(ឱ្យរួចផុតពីគ្រោះមហន្ដរាយនេះ) ហើយយើងបានបង្កើត រឿងនេះជាមេរៀនមួយសម្រាប់ពិភពលោកទាំងមូល។

:16

ហើយ(ចូរចងចាំ)រឿងអ៊ីព្រហ៊ីម នៅពេលដែលគេបាន ពោលទៅកាន់ក្រុមរបស់គេថាៈ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះ អល់ឡោះ និងកោតខ្លាចចំពោះទ្រង់់។ ទាំងនោះគឺប្រសើរសម្រាប់ ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

:17

ជាការពិតណាស់ អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពី អល់ឡោះនោះ គឺគ្រាន់តែជារូបសំណាក ហើយពួកអ្នកបង្កើតឡើង គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួក(ព្រះ នានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះគឺពួក វាមិនអាចផ្ដល់លាភសក្ការៈដល់ពួកអ្នកបានឡើយ។ ដូចេ្នះ ចូរពួក អ្នកស្វែងរកលាភសក្ការៈពីអល់ឡោះ និងត្រូវគោរពសក្ការៈចំពោះ ទ្រង់ ហើយនិងត្រូវដឹងគុណចំពោះទ្រង់។ ចំពោះទ្រង់តែមួយគត់ ដែលពួកអ្នកត្រូវវិលត្រឡប់។

:18

តែប្រសិនបើពួកអ្នកបដិសេធ(នឹងមូហាំម៉ាត់)វិញនោះ ពិតប្រាកដណាស់ប្រជាជាតិជំនាន់មុនពួកអ្នកក៏បានបដិសេធ(នឹង អ្នកនាំសាររបស់ពួកគេ)ដែរ។ ហើយតួនាទីរបស់អ្នកនាំសារគ្មានអ្វី ក្រៅពីការផ្សព្វផ្សាយដ៏ច្បាស់លាស់នោះឡើយ។

:19

តើពួកគេមិនបានឃើញទេថា អល់ឡោះចាប់ផ្ដើមបង្កើត សត្វលោក បន្ទាប់មកទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃ បរលោក)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយ បំផុតសម្រាប់អល់ឡោះ។

:20

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ ហើយចូរពួកអ្នកមើលចុះថា តើទ្រង់បានចាប់ផ្ដើម បង្កើតសត្វលោកយ៉ាងដូចមេ្ដច? បន្ទាប់មកអល់ឡោះបង្កើតម្ដង ទៀតនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាព លើអ្វីៗទាំងអស់។

:21

ទ្រង់ធ្វើទារុណកម្មលើអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏អាណិតស្រឡាញ់អ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកត្រូវវិលត្រឡប់។

:22

ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)នៅលើផែនដី ហើយក៏មិនអាចគេចផុតដែរនៅលើមេឃ។ ហើយពួកអ្នកគ្មានអ្នកគាំពារនិងអ្នកជួយក្រៅពីអល់ឡោះ ឡើយ។

:23

ហើយពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់អល់ឡោះ និងការជួបនឹងទ្រង់នោះ ពួកទាំងនោះគឺអស់សង្ឃឹមពីក្ដីមេត្ដាករុណា របស់យើង។ ហើយពួកទាំងនោះនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។

:24

ហើយការឆ្លើយតបនៃក្រុមរបស់គាត់(អ៊ីព្រហ៊ីម)គ្មានអ្វី ក្រៅពីពាក្យសម្ដីរបស់ពួកគេថាៈ ចូរពួកអ្នកសម្លាប់គេ ឬដុតគេ នោះឡើយ។ ពេលនោះអល់ឡោះក៏បានសង្គ្រោះគាត់ឱ្យរួចផុត ពីភ្លើងនោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមដែលមានជំនឿ។

:25

ហើយគាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ពិតប្រាកដណាស់ រូប សំណាកដែលពួកអ្នកបានយកមកគោរពសក្ការៈផេ្សងពីអល់ឡោះ នោះ គឺដើម្បីធ្វើជាការស្និទ្ធស្នាលរវាងពួកអ្នកក្នុងជីវិតលោកិយ ប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃបរលោក ពួកអ្នកនឹងបដិសេធមិន ទទួលស្គាល់គ្នា ហើយពួកអ្នកក៏ដាក់បណ្ដាសាឱ្យគ្នាដែរ។ ហើយ ទីកន្លែងរបស់ពួកអ្នកគឺនរក ហើយពួកអ្នកគ្មានអ្នកណាជួយឡើយ។

:26

ពេលនោះលូតក៏បានជឿលើគាត់(អ៊ីព្រហ៊ីម)។ ហើយគាត់ បានពោលថាៈ ខ្ញុំនឹងភៀសខ្លួនទៅរក(មាគ៌ា)ម្ចាស់របស់ខ្ញុំ។ ពិត ប្រាកដណាស់ទ្រង់ជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

:27

ហើយយើងបានប្រទានអ៊ីស្ហាកនិងយ៉ាក់កូបឱ្យគាត់។ ហើយ យើងបានបង្កើតនៅក្នុងពូជពង្សរបស់គាត់ជាណាពីៗ និង(យើងបាន បញ្ចុះ)គម្ពីរ។ ហើយយើងបានប្រទានឱ្យគាត់នូវរង្វាន់របស់គាត់នៅ ក្នុងលោកិយនេះ (ភរិយា និងកូនចៅ)។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោកគាត់នឹងស្ថិតក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវ។

:28

ហើយ(ចូរចងចាំ)រឿងរបស់លូត នៅពេលដែលគាត់បាន ពោលទៅកាន់ក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ពួកអ្នកកំពុង ប្រព្រឹត្ដអំពើអសីលធម៌បំផុត ដែលគ្មានអ្នកណាម្នាក់ពីមុនពួកអ្នក ធ្លាប់ប្រព្រឹត្ដវានៅក្នុងលោកិយនេះឡើយ។

:29

តើហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នា និង ឆក់ប្លន់អ្នកដំណើរ ហើយនិងប្រព្រឹត្ដអំពើអាក្រក់នៅកន្លែងជួបជុំ របស់ពួកអ្នកដូចេ្នះ? ហើយចម្លើយនៃក្រុមរបស់គាត់(លូត)គ្មានអ្វី ក្រៅពីនិយាយថាៈ ចូរអ្នកនាំទារុណកម្មរបស់អល់ឡោះឱ្យពួកយើង មក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវមែននោះ។

:30

គាត់បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា ជួយខ្ញុំឱ្យមានជ័យជំនះលើក្រុមដែលបង្កវិនាសកម្ម(នៅលើផែនដី នេះ)ផង។

:31

ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់ យើងបាននាំដំណឹងរីករាយ មកប្រាប់អ៊ីព្រហ៊ីម ពួកគេបាននិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបំផ្លាញអ្នកភូមិស្រុក នេះ។ ពិតប្រាកដណាស់ អ្នកភូមិស្រុកនេះជាពួកដែលបានបំពាន។

:32

គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ពិតប្រាកដណាស់ លូត នៅក្នុងភូមិស្រុកនោះ។ ពួកគេបានតបវិញថាៈ ពួកយើងដឹងបំផុត ថាអ្នកណានៅក្នុងនោះ។ ពួកយើងពិតជានឹងសង្គ្រោះគេ(លូត) និង ក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះ ដែលស្ថិត ក្នុងចំណោមពួកដែលត្រូវទារុណកម្ម។

:33

ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារ ពួកគេ។ ហើយពួកគេបានពោលថាៈ ចូរអ្នកកុំភ័យខ្លាច និងកុំព្រួយ បារម្ភឱ្យសោះ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នក លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមពួកដែលត្រូវទារុណកម្ម។

:34

ពិតប្រាកដណាស់ យើង(អល់ឡោះ)ជាអ្នកបញ្ចុះ ទារុណកម្មពីលើមេឃទៅលើអ្នកភូមិស្រុកនេះ ដោយសារតែអ្វីដែលពួកគេ ធ្លាប់ល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

:35

ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុក នេះ ជាភស្ដុតាងមួយដ៏ច្បាស់លាស់សម្រាប់ក្រុមដែលចេះគិត ពិចារណា។

:36

ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ ហើយគាត់បានពោលថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងសង្ឃឹម(ថានឹងទទួលបានការតបស្នង ល្អ)នៅថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើ ផែនដីនេះឱ្យសោះ។

:37

ហើយពួកគេបានបដិសេធនឹងគាត់(ស្ហ៊ូអែប) ពេលនោះ ការរញ្ជួយដីបានឆក់យកជីវិតពួកគេ និងធ្វើឱ្យពួកគេស្លាប់នៅក្នុង ផ្ទះរបស់ពួកគេ។

:38

ហើយ(យើងបានបំផ្លាញ)ក្រុមអាដ និងក្រុមសាមូដដែល វាពិតជាបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នកអំពីលំនៅដ្ឋានទាំង ឡាយរបស់ពួកគេ។ ហើយស្ហៃតនបានលំអចំពោះពួកគេនូវទង្វើ (អាក្រក់)របស់ពួកគេ និងវាបានរារាំងពួកគេអំពីមាគ៌ា(របស់ អល់ឡោះ)ខណៈដែលពួកគេជាអ្នកដឹងច្បាស់ហើយនោះ។

:39

ហើយ(យើងបានបំផ្លាញ)ករូន និងហ្វៀរអោន និង ហ៊ើម៉ាន។ ហើយជាការពិតណាស់ មូសាបាននាំមកឱ្យពួកគេនូវ ភស្ដុតាងយ៉ាងច្បាស់លាស់ តែពួកគេបែរជាក្រអឺតក្រទមនៅលើ ផែនដីនេះទៅវិញ។ ហើយពួកគេមិនអាចគេចផុត(ពីទារុណកម្ម របស់យើង)បានឡើយ។

:40

ដូចេ្នះ យើងបានបំផ្លាញក្រុមនីមួយៗដោយសារតែបាបកម្ម របស់គេ។ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះយើងបានបញ្ចុះភ្លៀងថ្មទៅលើគេ និងអ្នកខ្លះក្នុងចំណោមពួកគេត្រូវសម្រែកយ៉ាង ខ្លាំងឆក់យកគេ ហើយអ្នកខ្លះក្នុងចំណោមពួកគេយើងបានធ្វើឱ្យដី ស្រូបយកជីវិតរបស់គេ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកគេ យើងបានពន្លិចក្នុងទឹក។ ហើយអល់ឡោះមិនចង់ធ្វើបាបពួកគេ ឡើយ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។

:41

ការប្រៀបធៀបនៃពួកដែលបានយកអ្នកគាំពារផេ្សងពី អល់ឡោះនោះ ប្រៀបដូចទៅនឹងសត្វពីងពាងដែលបានធ្វើសំបុក។ ហើយពិតប្រាកដណាស់ សំបុកដែលអន់ជាងគេបំផុតនោះគឺសំបុក ពីងពាងប្រសិនបើពួកគេបានដឹង។

:42

ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីក៏ដោយដែល ពួកគេបួងសួងសុំផេ្សងពីទ្រង់នោះ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

:43

ហើយការប្រៀបធៀបទាំងនោះ យើងបានលើកវាឡើង ជាឧទាហរណ៍សម្រាប់មនុស្សលោក។ ហើយគ្មាននរណាអាចយល់ ពីវាក្រៅពីអ្នកដែលចេះដឹងនោះឡើយ។

:44

អល់ឡោះបានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយ ពិតប្រាកដ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះជាភស្ដុតាងមួយ សម្រាប់បណ្ដាអ្នកដែលមានជំនឿ។

:45

ចូរអ្នក(មូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក នៃគម្ពីរ(គួរអាន) ហើយចូរអ្នកប្រតិបត្ដិសឡាត។ ពិតប្រាកដណាស់ សឡាតអាចហាមឃាត់អំពីការប្រព្រឹត្ដអសីលធម៌ និងអំពើទុច្ចរិត។ ហើយការរំលឹកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។ ហើយ អល់ឡោះដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

:46

ចូរពួកអ្នកកុំជជែករកខុសត្រូវជាមួយនឹងពួកអះលីគីតាប ក្រៅពីមធ្យោបាយណាដែលល្អបំផុតឱ្យសោះ លើកលែងតែអ្នកដែល បំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរពួកអ្នកនិយាយថាៈ ពួកយើងបានជឿនឹងអ្វីដែលគេបានបញ្ចុះមកឱ្យពួកយើង និងបាន បញ្ចុះមកឱ្យពួកអ្នក។ ហើយម្ចាស់របស់ពួកយើង និងម្ចាស់របស់ពួក អ្នកគឺតែមួយ។ ហើយពួកយើងជាអ្នកដែលប្រគល់ខ្លួនទៅចំពោះ ទ្រង់តែមួយគត់។

:47

ដូចេ្នះហើយបានជាយើងបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក។ ហើយពួកដែលយើងបានផ្ដល់គម្ពីរឱ្យពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) ពួកគេមានជំនឿនឹងវា។ ហើយក្នុងចំណោមពួកទាំងនេះ(អារ៉ាប់ ម៉ាក្កះ)មានអ្នកខ្លះក៏ជឿលើវាដែរ។ ហើយគ្មានអ្នកណាម្នាក់បដិសេធនឹងអាយ៉ាត់ៗរបស់យើងក្រៅពីពួកដែលប្រឆាំងឡើយ។

:48

ហើយអ្នក(មូហាំម៉ាត់)មិនធ្លាប់ចេះសូត្រគម្ពីរណាមួយពី មុនវា(គម្ពីរគួរអាន)ឡើយ។ ហើយដៃស្ដាំរបស់អ្នកក៏ពុំចេះសរសេរ វាដែរ។ បើមិនដូច្នោះទេ ពួកដែលប្រឆាំងនឹងមានការសង្ស័យ(ថា អ្នកបានចម្លងពីគម្ពីរមុនៗ)ជាមិនខាន។

:49

ផ្ទុយទៅវិញ វាគឺជាអាយ៉ាត់ៗយ៉ាងច្បាស់លាស់ដែលមាន នៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលគេផ្ដល់ចំណេះដឹងឱ្យ។ ហើយគ្មាន អ្នកណាម្នាក់បដិសេធនឹងអាយ៉ាត់ៗរបស់យើងក្រៅពីពួកដែល បំពានឡើយ។

:50

ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ) មិនបានបញ្ចុះ ឱ្យគេ(មូហាំម៉ាត់)នូវមុជីហ្សាត់ពីម្ចាស់របស់គេ? ចូរ អ្នកពោលថាៈ ពិតប្រាកដណាស់ មុជីហ្សាត់ទាំងឡាយនៅនឹង អល់ឡោះ។ ហើយតាមការពិតខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមាន យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។

:51

តើមិនគ្រប់គ្រាន់សម្រាប់ពួកគេទេឬ គម្ពីរដែលយើងបាន បញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ដែលត្រូវគេសូត្រឱ្យពួកគេស្ដាប់នោះ? ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះគឺជាក្ដីមេត្ដាករុណា និងជា ការរំលឹកសម្រាប់ក្រុមដែលមានជំនឿ។

:52

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់គ្រាន់ហើយដែល អល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ទ្រង់ដឹងនូវអ្វីដែលមាននៅ លើមេឃជាច្រើនជាន់និងផែនដី។ ហើយពួកដែលបានជឿលើប្រការ មិនត្រឹមត្រូវ និងបានប្រឆាំងនឹងអល់ឡោះ ពួកទាំងនោះគឺជាពួក ដែលខាតបង់។

:53

ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ។ ប្រសិនបើគ្មានពេលកំណត់ច្បាស់លាស់ទេនោះ ទារុណកម្ម ពិតជាបានមកដល់ពួកគេ និងធ្លាក់លើពួកគេភ្លាមៗដោយពួកគេមិន ដឹងខ្លួនជាមិនខាន។

:54

ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំពិតជាឡោមព័ទ្ធ ពួកដែលប្រឆាំង។

:55

នៅថ្ងៃ(បរលោក) ទារុណកម្មនឹងគ្របដណ្ដប់ពួកគេពីលើ ពួកគេ និងក្រោមជើងពួកគេ ហើយទ្រង់មានបន្ទូលថាៈ ចូរពួកអ្នក ភ្លក្សនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដកន្លងមកចុះ។

:56

ឱបណ្ដាខ្ញុំរបស់យើងដែលមានជំនឿ. ពិតប្រាកដណាស់ ផែនដីរបស់យើងគឺធំទូលាយ(ដូចេ្នះចូរពួកអ្នកភៀសខ្លួនទៅកន្លែង ដែលមានសុវត្ថិភាព) ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះ យើងតែមួយគត់។

:57

រាល់ជីវិតទាំងអស់នឹងភ្លក្សរសជាតិនៃសេចក្ដីស្លាប់។ បន្ទាប់ មកពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងវិញ។

:58

ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ យើងនឹងរៀបចំឱ្យពួកគេនូវវិមានដ៏ស្កឹមស្កៃនៅក្នុងឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ការតបស្នងចំពោះបណ្ដាអ្នកសាងអំពើល្អគឺឧត្ដុង្គឧត្ដមបំផុត។

:59

គឺបណ្ដាអ្នកដែលអត់ធ្មត់(ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ) និងបណ្ដាអ្នកដែលប្រគល់ការទុកចិត្ដទៅលើម្ចាស់ របស់ពួកគេ។

:60

ហើយមានសត្វធាតុជាច្រើនដែលមិនត្រៀមទុកចំណី អាហាររបស់វា តែអល់ឡោះទេដែលជាអ្នកប្រទានចំណីអាហារ ដល់ពួកវា និងពួកអ្នក។ ហើយទ្រង់មហាឮ មហាដឹង។

:61

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយបាន ធ្វើឱ្យព្រះអាទិត្យនិងព្រះច័ន្ទមានចលនានោះ? ពួកគេពិតជានឹង ឆ្លើយថាៈ គឺអល់ឡោះ។ ដូចេ្នះ ហេតុអ្វីបានជាពួកគេងាកចេញពី ការពិតទៅវិញ?

:62

អល់ឡោះបើកទូលាយនូវលាភសក្ការៈចំពោះអ្នកណាដែល ទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់ ហើយទ្រង់ក៏ក្បិតក្បៀត ចំពោះខ្ញុំរបស់ទ្រង់មួយចំនួនដែរ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

:63

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)នោះ? ពួកគេពិតជា នឹងឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ រាល់ការសរសើរគឺ ចំពោះអល់ឡោះ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។

:64

ហើយការរស់នៅក្នុងលោកិយនេះគ្មានអ្វីក្រៅពីការលេង សើចឥតប្រយោជន៍នោះឡើយ។ តែថ្ងៃបរលោកវិញទេទើបវាជា ការរស់នៅយ៉ាងពិតប្រាកដប្រសិនបើពួកគេបានដឹងមែននោះ។

:65

ហើយនៅពេលដែលពួកគេជិះសំពៅ(ជួបប្រទះនឹងគ្រោះ ថ្នាក់)នោះ ពួកគេបួងសួងសុំទៅចំពោះអល់ឡោះដោយចិត្ដស្មោះ សក្នុងការប្រណិប័តន៍ចំពោះទ្រង់។ តែនៅពេលដែលទ្រង់បាន សង្គ្រោះពួកគេឱ្យទៅដល់ត្រើយ ពេលនោះពួកគេបែរជាធ្វើស្ហ៊ីរិក នឹងទ្រង់ទៅវិញ។

:66

ដើម្បីពួកគេប្រឆាំងនឹងអ្វីដែលយើងបានប្រទានឱ្យពួកគេ និងដើម្បីពួកគេសប្បាយរីករាយ។ ដូចេ្នះពួកគេគង់តែនឹងដឹង។

:67

តើពួកគេមិនបានឃើញទេឬ ពិតប្រាកដណាស់យើងបាន បង្កើតទឹកដី(ម៉ាក្កះ)ជាកន្លែងស្អាតស្អំមានសុវត្ថិភាព ខណៈដែល មនុស្សលោកនៅជុំវិញពួកគេកំពុងឆក់ប្លន់ កាប់សម្លាប់គ្នានោះ? ដូចេ្នះ តើពួកគេនៅតែជឿលើប្រការមិនត្រឹមត្រូវ និងប្រឆាំងនឹង នៀកម៉ាត់របស់អល់ឡោះឬ?

:68

ហើយគ្មានអ្នកណាម្នាក់បំពានជាងអ្នកដែលបានប្រឌិតរឿង ភូតកុហកចំពោះអល់ឡោះ ឬអ្នកដែលបានបដិសេធនឹងការពិតនៅ ពេលដែលវាមកដល់គេនោះឡើយ។ តើនៅក្នុងនរកជើហាន់ណាំមិន មែនជាកន្លែងសម្រាប់ពួកដែលប្រឆាំងទេឬ?

:69

រីឯបណ្ដាអ្នកដែលបានតស៊ូក្នុងមាគ៌ារបស់យើងវិញ យើងពិតជានឹងចង្អុលបង្ហាញមាគ៌ារបស់យើងដល់ពួកគេជាមិនខាន។ ហើយពិតប្រាកដណាស់ អល់ឡោះគឺស្ថិតនៅជាមួយបណ្ដាអ្នក ដែលធ្វើល្អ។